ប្រវត្តិ



ស្ថិតក្នុងត្រកូលគ្រួសារមានជីវភាពក្រមធ្យម នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ភារិទ្ធកើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៩០ វេលាម៉ោង៤ និង៣០នាទីរសៀល នៅក្នុងផ្ទះឈើតៀមតូចមួយ ជិតរោងចក្រឆ្នាំង ក្នុងតំបន់បឹងកក់។ ភារិទ្ធមានបងប្អូនចំនួន ៥នាក់ ក្នុងនោះបងស្រីចំនួន២នាក់ និងប្អូនប្រុសចំនួន២នាក់ ហើយលោកជាកូនទី៣។ 

ក្នុងវ័យកុមារភាព ពេលអាយុបាន៧ឆ្នាំ ភារិទ្ធបានសិក្សានៅសាលាបឋមសិក្សាវត្តនាគវ័ន្ត ដោយតែងតែទទួលចំណាត់ថ្នាក់ល្អនៅក្នុងការសិក្សា។ អាយុ១២ឆ្នាំ ភារិទ្ធបានសិក្សាបន្តថ្នាក់ទី៧ នៅវិទ្យាល័យឥន្រ្ទទេវី។ ការសិក្សាក្នុងកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យរបស់ភារិទ្ធមានភាពរលូន ហើយគាត់ចូលចិត្តនិពន្ធកំណាព្យ តែងរឿង និងគូររូបធ្វើជាសៀវភៅរូបភាព។ ពេលបន្តការសិក្សាដល់ថ្នាក់ទី១២ ភារិទ្ធបានចូលរួមប្រឡងសិស្សពូកែ ផ្នែកអក្សរសិល្ប៍ខ្មែរ ហើយបានជាប់ចំណាត់ថ្នាក់ប្រចាំសាលា និងរាជធានីភ្នំពេញ តែពុំបានជាប់ទូទាំងប្រទេសឡើយ។ ក្រោយពីទទួលបានលទ្ធផលប្រឡងមធ្យមសិក្សាឧត្តមភូមិនៅមណ្ឌលប្រឡងជម្ពូវ័ន្ត ឆ្នាំ២០០៨ ហើយ ភារិទ្ធទទួលបាននិទ្ទេស C ហើយបានជាប់អាហារូបករណ៍ទោសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញអក្សរសាស្រ្តខ្មែរ។ ជាការពិតក្រៅពីជំនាញអក្សរសាស្រ្តខ្មែរ ភារិទ្ធស្រលាញ់ជំនាញបុរាណវិទ្យា តែដោយសារការដាក់អាហារូបករណ៍ អក្សរសាស្រ្តខ្មែរជាជម្រើសទីមួយ ហើយជាប់ជាស្ថាពរ គាត់ក៏សម្រេចចិត្តជ្រើសរើសជំនាញនេះ។  

អាយុ១៨ឆ្នាំ នៅពេលចាប់ផ្តើមជីវិតជានិស្សិតនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ភារិទ្ធរីករាយ និងការសិក្សាមុខជំនាញរបស់ខ្លួន។ ការសិក្សាទៀតសោតក៏ទទួលបានលទ្ធផលល្អ។ ក្នុងឆ្នាំ២០០៨នោះហើយ ដែលភារិទ្ធចាប់ផ្តើមប្រឡូកនឹងការងារសង្គមជាថ្មីម្តងទៀត បន្ទាប់ពីបាន សម្រាកអស់ជាង៦ឆ្នាំ ព្រោះក្នុងវ័យកុមារភាព គាត់បានចូលរួមសកម្មភាពនានាក្នុងសហគមន៍ តាមរយះអង្គការវើលវីសិន ដែលមានមណ្ឌលសិក្សានៅក្នុងតំបន់នោះ ហើយគាត់ជាក្រុមក្លឹបកុមារ ដែលតែងតែបង្កើតកម្មវិធីអប់រំ និងយុទ្ធនានាផ្សេងៗដើម្បីសម្អាតសហគមន៍ និងផ្សព្វផ្សាយ ពីសិទ្ធិកុមារ។ តាមរយះការធ្វើការងារក្នុងសហគមន៍នាវ័យកុមារភាពនោះហើយ ដែលធ្វើអោយគាត់ មានកូនចិត្តមួយថា ថ្ងៃណាមួយគាត់នឹងបង្កើតសមាគម ឬអង្គការមួយឲ្យទាល់តែបាន ដើម្បីជួយដល់ក្មេងៗក្រីក្រ ដែលកំពុងត្រូវការជំនួយ និងការសិក្សាដូចជារូបគាត់ក្នុងពេលនោះ។ 

ពេលចាប់ផ្តើមសិក្សាឆ្នាំទី១ នៅសកលវិទ្យាល័យ ក៏ជាពេលចាប់ផ្តើមជាថ្មីក្នុងជីវិតធ្វើការងារសង្គម។ ភារិទ្ធចូលចិត្តធ្វើការងារស្ម័គ្រចិត្ត និងចូលរួមសិក្ខាសាលានានាដែលធ្វើឡើងដោយអង្គការ និងស្ថាប័នផ្សេងៗ។ ដោយសារការចុះសហគមន៍ ការអានសៀវភៅ ការស្តាប់វិទ្យុ ស្តាប់ព្រះធម៌ ការចូលចិត្តដើរកម្សាន្តតាមតំបន់រមណីដ្ឋានធម្មជាតិ និងប្រវត្តិសាស្រ្តនានា ធ្វើអោយគាត់ស្វែងយល់ច្រើនពីជីវិត និងបញ្ហាប្រឈមនានានៅក្នុងសង្គម។ ជាថ្មីម្តងទៀត ធ្វើអោយគាត់ កាន់តែមានចំណង់ក្នុងសកម្មភាពសង្គម ហើយគាត់ប្តេជ្ញាចិត្តថា នឹងធ្វើអ្វីមួយដើម្បីជួយដល់សង្គមជាតិ។ 

ភារិទ្ធបានចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តនៅក្នុងសាលាលេកសាយ នាចុងឆ្នាំ២០០៨ ដែលជាសាលាសហគមន៍ក្នុងតំបន់បឹងកក់ និងគ្រប់គ្រងដោយអង្គការភូមិផែនដីកម្ពុជា ក្រោយមកផ្លាស់ជាអង្គការពង្រឹងយុវជននៅកម្ពុជា។ ភារិទ្ធជាសមាជិកក្រុមអ្នកដឹកនាំ ដែលចូលរួមក្នុងការបង្កើតកម្មវិធីអប់រំ និងកម្សាន្តផ្សេងៗនៅក្នុងសាលា។ ក្រោយមកគាត់បានស្ម័គ្រចិត្តធ្វើជាគ្រូបង្រៀនកុំព្យូទ័រ ដោយសារមានចំណេះកុំព្យូទ័រក្នុងខ្លួនខ្លះផង។ ដោយមើលឃើញពីប្រសិទ្ធភាពការងាររបស់គាត់ ប្រមាណជា៤ ទៅ៥ ខែក្រោយមក ភារិទ្ធក៏បានជ្រើសរើសអោយធ្វើជានាយកសាលាថ្មី មួយទៀតរបស់អង្គការ ដែលកាលនោះសាលាថ្មីមានឈ្មោះថាសាលាយុវជនបឹងកក់។ ទោះបីជាមានតួនាទីថ្មីក្នុងសាលាថ្មី ភារិទ្ធក៏ជាជំនួយការនាយកសាលាលេកសាយផងដែរ។ ប្រមាណជា២ ទៅ៣ខែក្រោយមក គាត់ក៏ត្រូវបានទទួលបន្ទុកមើលការខុសត្រូវសាលាទាំង២នោះ។ រយះពេលនោះហើយ ដែលគាត់បានសិក្សារៀនសូត្រពីអ្វីដែលថ្មីៗជាច្រើន ដែលនៅជុំវិញខ្លួនគាត់។ បញ្ហារាប់រយជំពូកដែលតែងតែកើតមានជារើយៗ តែវាជាមេរៀនសម្រាប់គាត់ រៀនដោះស្រាយ និងរក្សាទុកជាបទពិសោធន៍។  

ចាប់តាំងពីពេលធ្វើការងារស្ម័គ្រចិត្ត ភារិទ្ធពុំដែលគិតប្រាក់កម្រៃដែលនឹងទទួលបានពីការងារទាំងនោះឡើយ ព្រោះគាត់ធ្វើការដោយកម្លាំងកាយចិត្ត និងដោយការស្ម័គ្រចិត្ត។ បញ្ហានេះហើយ ធ្វើអោយមានទស្សនមួយចំនួនពីគ្រួសារថា ការងារស្ម័គ្រចិត្តទាំងនោះគឺឥតប្រយោជន៍ និងគេបោកប្រើ។ ចំពោះគាត់វាជារឿងសាមញ្ញមួយ ព្រោះគាត់ធ្លាប់លឺតាំងតែពេលគាត់ធ្វើការសង្គម នៅក្នុងវ័យកុមារភាពមកម្ល៉េះ។ អ្វីដែលគាត់រំពឹងទុកនោះគឺការរៀនសូត្រពីការងារ និង បទពិសោធន៍ជីវិតដែលគាត់មិនអាចទៅរៀននៅសាលាឯណាបាន សូម្បីតែសកលវិទ្យាល័យដែលគាត់កំពុងតែរៀន។ រហូតដល់គាត់បានធ្វើជានាយកសាលាយុវជនបឹងកក់ គាត់ចាប់ផ្តើមទទួលបានប្រាក់ឧបត្ថម្ភបន្តិចបន្តួចប្រចាំខែ តែជាអ្វីដែលធ្វើឲ្យគាត់សប្បាយចិត្ត និងចង់បង្ហាញថាគាត់អាចចាប់ផ្តើមចេះរៀនរស់ដោយខ្លួនឯងហើយ។ រាល់ការទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ គាត់តែទុកមួយចំណែកសម្រាប់ខ្លួនឯងក្នុងការសិក្សាប្រចាំថ្ងៃ មួយចំណែកសម្រាប់ការងារសង្គម និងមួយចំណែកសម្រាប់គ្រួសារផងដែរ។ 

នៅដើមឆ្នាំ២០១០ គាត់ចាប់ផ្តើមស្វែងរកផ្លូវទៅកាន់គោលដៅរបស់គាត់ ដែលមានតាំងពីកុមារភាព។ គាត់មានគម្រោងក្នុងការបង្កើតក្រុមមួយដែលអាចជួយដល់សង្គម។ 

(ភាគបន្តនៅពេលក្រោយ)